ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា រួមទាំងប្រជាពលរដ្ឋខ្មែរទាំងមូល បានចូលរួមអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាប្រាសាទបុរាណ កសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន។ ប្រាសាទសំបូរព្រៃគុក ជាស្នាដៃល្អឯករបស់ខ្មែរ ដែលត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
ក្នុងឱកាសអបអរសាទរខួបលើកទី៨នេះ ព្រះមហាក្សត្រនៃកម្ពុជា ក៏បានចូលរួមអបអរសាទរ និងកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រះមហាក្សត្រ បានចាត់ទុកការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ នៅតាមបណ្តាក្រសួង ស្ថានប័ណ្ឌ និងបណ្តាក្រុមហ៊ុន និងប្រជាជនខ្មែរទាំងមូល បានចូលរួមអបអរសាទរ ដោយបានបង្ហោះនូវរូបភាព វីដេអូ ព្រមទាំងខ្លឹមសារបង្ហាញពីការស្រឡាញ់ ការពារសម្បត្តិជាតិមួយនេះ។
តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ កាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។
ប្រាសាទទាំងនេះ សាងសង់អំពីថ្មបាយក្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនា លើផ្ទៃដីប្រមាណ ៣០០០ ហិកតា។
ប្រាសាទសំបូរព្រៃគុក ជាស្នាដៃល្អឯករបស់ខ្មែរ មានរចនាបទតាមបែបសាសនា ដែលត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ដោយឆ្នាំនេះ ជាគម្រប់ខួបលើកទី៨៕