អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៧ ខែកក្កដា បានប្រកាសសេចក្តីសម្រេចនូវពន្ធគយលើទំនិញប្រទេសទាំងអស់ដែលបានដាក់ស្នើសុំចរចាពាណិជ្ជកម្ម ដោយក្នុងសេចក្តីសម្រេចនោះ ប្រទេសកម្ពុជា បានថយចុះពី៤៩%មកត្រឹម ៣៦% វៀតណាមចុះមក ២០% ថៃ បរាជ័យរក្សានៅ ៣៦% ឥណ្ឌូណេស៊ី ៣២% ម៉ាឡេស៊ី ២៥% ចំណែកឡាវ និង មីយ៉ាន់ម៉ា ខ្ពស់ ៤០% ដូចគ្នា។
យោងតាមលិខិតមួយច្បាប់ផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពន្ធគយទាំងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា។ចំពោះកម្ពុជា លោកថា អាម៉េរិកយល់ព្រមបន្តធ្វើការជាមួយកម្ពុជាដោយនឹងវិភាគមើលជាក់ស្តែងននៃកិច្ចសហប្រតិបត្តការល្អសម្រាប់ថ្ងៃខាងមុខ ហើយបើកឱ្យមានការសម្របសម្រួលមុនថ្ងៃពន្ធគយថ្មីចូលជាធរមាន នៅថ្ងៃទី ១ សីហា ឆ្នាំ២០២៥។
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង ១៤។ ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និង ឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជានៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០%។ វៀតណាម បានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាម៉េរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ។
សួមរម្លឹកជូនថា ការចរចានេះ បន្ទាប់ពីអាម៉េរិក បានសម្រេចដាក់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មកប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេហ៍ ដោយអាម៉េរិកគ្រោងដាក់ពន្ធមកកម្ពុជា៤៩% ដែលអាម៉េរិកសម្រេចបើកឲ្យចចាររយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមេសា កន្លងមក។ គួរបញ្ជាក់ថា ការកំណត់រយៈពេល៩០ថ្ងៃ សម្រាប់ការចចា នឹងមកដល់ក្នុងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ៕