ម៉ាឡេស៊ី៖ ចក្រភពអង់គ្លេស និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមជាផ្លូវការនូវ កម្មវិធីភាពជាដៃគូសន្តិសុខសុខភាពអាស៊ាន-ចក្រភពអង់គ្លេស (HSP) រយៈពេល ៥ ឆ្នាំ នៅទីក្រុងគូឡាឡាំពួ។ គំនិតផ្តួចផ្តើមថ្មីនេះ គឺសំដៅពង្រឹងសមត្ថភាពតំបន់ក្នុងការការពារ រកឃើញ និងឆ្លើយតបនឹងការគំរាមកំហែងផ្នែកសុខភាព។
កម្មវិធី HSP ដែលទទួលបានមូលនិធិពីចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដើម្បីកែលម្អប្រព័ន្ធសុខាភិបាល ពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ រួមទាំងផលប៉ះពាល់សុខភាពនៃការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ HSP ក៏នឹងបង្កើតភាពជាដៃគូអ្នកជំនាញរវាងស្ថាប័នក្នុងអាស៊ាន និងជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងអភិវឌ្ឍដំណោះស្រាយរួមគ្នា។ ចំណុចសំខាន់មួយទៀត គឺការសហការជាមួយអង្គការសុខភាពពិភពលោក (WHO), អង្គការស្បៀងអាហារ និងកសិកម្ម (FAO), អង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH), និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ដើម្បីគាំទ្រផែនការសកម្មភាពរួម ASEAN One Health ដែលដោះស្រាយការគំរាមកំហែងដូចជាភាពធន់នឹងថ្នាំសម្លាប់មេរោគ ដោយប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នារវាងសុខភាពមនុស្ស សត្វ បរិស្ថាន និងរុក្ខជាតិ។
លោក កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា «កម្មវិធី HSP នេះគឺជាគំនិតផ្តួចផ្តើមទាន់ពេលវេលា ដែលជួយពង្រឹងការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងកសាងប្រព័ន្ធថែទាំសុខភាពប្រកបដោយភាពធន់»។ ចំណែកឯ លោកស្រី Sarah Tiffin ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអាស៊ាន បានបញ្ជាក់ថា «ជំងឺកូវីដ-១៩ បានបង្ហាញថា គ្មានប្រទេសណាមានភាពស៊ាំនឹងការគំរាមកំហែងសុខភាពជាសាកលឡើយ។ តាមរយៈកម្មវិធីនេះ ចក្រភពអង់គ្លេសមានមោទកភាពក្នុងការធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីបង្កើតភាពធន់រយៈពេលវែង និងធានាអនាគតដែលមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់សហគមន៍ទាំងក្នុងតំបន់ និងទូទាំងពិភពលោក»។
កម្មវិធី ASEAN-UK HSP នេះនឹងប្រមូលផ្តុំអ្នកជំនាញអង់គ្លេស និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាប្រទេសអាស៊ាន ដោយផ្តោតលើការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ជំងឺដែលកំពុងកើតឡើង និងភាពធន់នៃប្រព័ន្ធសុខាភិបាល។ ការដាក់ដំណើរការកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស (២០២២-២០២៦)។ កម្មវិធី HSP នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសម្រាប់ការបង្ការ ការរកឃើញ និងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពនៅក្នុងអាស៊ាន និងប្រទេសសមាជិកទាំង ១០ បូករួមទាំងទីម័រខាងកើត ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសុខភាពក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា HSP មានគោលបំណងសំខាន់ៗនៃកម្មវិធីរួមមាន ពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃប្រព័ន្ធសុខភាព និងការទទួលបានការថែទាំប្រកបដោយសមធម៌ ព្រមទាំងបង្កើនការយល់ដឹងអំពីផលប៉ះពាល់សុខភាពនៃការប្រែប្រួលអាកាសធាតុ និងសកម្មភាពកែលម្អដើម្បីដោះស្រាយ៕