ភ្នំពេញ៖ លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមកាហ្វេកម្ពុជា (Cambodia Coffee Association - CCA) ដឹកនាំដោយលោក ឌុក ពិសិដ្ឋ ចូលជួបសម្តែងការគួរសម និងគោរពសុំការណែនាំ ក៏ដូចជាទស្សនវិស័យអំពីអនាគតនៃឧស្សាហកម្មកាហ្វេនៅកម្ពុជា។ កិច្ចជំនួបនេះបានគូសបញ្ជាក់ពីទិសដៅថ្មីមួយ សម្រាប់វិស័យកាហ្វេកម្ពុជា ក្នុងការផ្លាស់ប្តូរពីប្រទេសនាំចូលទៅជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង។
យោងតាមគេហទំព័រព្រឹទ្ធសភាកម្ពុជា សមាគមកាហ្វេកម្ពុជាទើបតែត្រូវបានបង្កើតឡើងកាលពីខែមិថុនា កន្លងទៅនេះ ដោយមានសមាជិកចំនួន ១៧ រូប តំណាងឱ្យធុរកិច្ចចំនួន ១៧ ផ្សេងៗគ្នា។ សមាជិកទាំងនោះរួមមាន ម្ចាស់ហាងកាហ្វេ កសិករដាំដុះកាហ្វេ អ្នកប្រើប្រាស់កាហ្វេ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេគ្រប់ប្រភេទ អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មដាំដុះ។
បើតាមប្រភពដដែល ក្នុងកិច្ចប្រជុំនោះ សមាគមកាហ្វេកម្ពុជា បានផ្តោតជាសំខាន់លើការជួយគាំទ្រប្រជាកសិករដែលដាំកាហ្វេ ចាប់ពីផ្នែកបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី រហូតដល់ការស្វែងរកទីផ្សារ។ បន្ថែមពីនេះ សមាគមនឹងជួយពង្រឹងប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកលទ្ធភាពទទួលបានទីផ្សារអន្តរជាតិ និងលើកកម្ពស់ម៉ាកយីហោកាហ្វេក្នុងស្រុក។
លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា «សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា ដែលនឹងឈានទៅផ្លាស់ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេ ជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង»។ លោកក៏បានផ្តល់ទស្សនវិស័យដល់សមាគមកាហ្វេ ឱ្យពង្រឹងផលិតផលខ្មែរតាមរយៈគុណភាពខ្ពស់ មានតម្លៃសមរម្យ និងជំរុញការដាំដុះ និងការចែកចាយ។
លោកបានបន្តលើកឡើងពីនិន្នាការទីផ្សារកាហ្វេពិភពលោក ដោយបង្ហាញពីការកើនឡើងនៃតម្រូវការកាហ្វេពិសេស ដែលជាឱកាសល្អសម្រាប់កម្ពុជាអាចទាញយកបាន។ លោក ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ថា ការប្រមូលផ្តុំម្ចាស់ធុរកិច្ចក្នុងវិស័យឧស្សាហកម្មកាហ្វេ នឹងជួយលើកកម្ពស់កាហ្វេកម្ពុជានៅលើឆាកអន្តរជាតិបានយ៉ាងពិតប្រាកដ៕