ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦ នៃសហគ្រិនប្រទេសនិយាយភាសាបារាំង នៅឆ្នាំ២០២៦។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ក្នុងនាមជាតំណាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសកម្ពុជា លោករដ្ឋលេខាធិការ ស៊ុន សុវណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្តាប្រទេសនិយាយភាសាបារាំង (5th REF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ ដោយក្នុងឱកាសនោះលោកបានប្រកាសថា កម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ REF លើកទី៦ នៅឆ្នាំ២០២៦។
កិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្ដាប្រទេសនិយាយភាសាបារាំងបានប្រព្រឹត្តទៅក្រោម អធិបតីភាព របស់លោក Denis SASSOU N'GUESSO ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ។ ក្នុងចំណោមឥស្សរជនចូលរួមព្រឹត្តិការណ៍ដ៏ធំនេះមានលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) និងឯកឧត្តម Thani MOHAMED SOILIHI រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ នៃសាធារណរដ្ឋបារាំង។
មន្ត្រីជាន់ខ្ពស់ពីស្ថាប័នសាធារណៈ និងឯកជន តំណាងមកពីស្ថាប័នអន្តរជាតិ និងអ្នកដឹកនាំធុរកិច្ច សរុបជាងមួយពាន់រូប បានចូលរួមធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាប្រឈមក្នុងការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់តម្លៃ និងការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងភាគីពាក់ព័ន្ធផ្នែកធុរកិច្ច នៅក្នុងពិភពនិយាយភាសាបារាំង។
ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកម្ពុជានាឱកាសបើកកិច្ចប្រជុំ REF ចំពោះការជំរុញទំនាក់ទំនងសេដ្ឋកិច្ចក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង។ លោក ស៊ុន សុវណ្ណា ក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងលំហសេដ្ឋកិច្ចក្រុមប្រទេសនិយាយភាសាបារាំងឲ្យកាន់តែមានភាពធន់ និងបរិយាបន្ន។
លោក ស៊ុន សុវណ្ណា បានជម្រាបប្រតិភូចូលរួមកិច្ចប្រជុំ REF លើកទី៥ អំពីបំណងរបស់ កម្ពុជាក្នុងការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយផ្តោតលើការជំរុញនវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល និងការបណ្ដុះបណ្តាលយុវជន។ លោកបានអញ្ជើញអ្នកសេដ្ឋកិច្ចពីប្រទេសនិយាយភាសាបារាំងទាំងអស់ ចូលរួមកិច្ចប្រជុំលើក ទី៦នៃសហគ្រិនបណ្ដាប្រទេសនិយាយភាសាបារាំង នៅប្រទេសកម្ពុជា នៅឆ្នាំក្រោយ។
ក្នុងឱកាសកិច្ចប្រជុំ REF លើកទី៥ លោក ស៊ុន សុវណ្ណា បានជួបជាមួយតំណាងវិស័យ ឯកជនជាច្រើនរូប ដើម្បីកៀរគរការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចហ្វ្រង់កូហ្វូនី ដែលនឹងត្រូវរៀបចំឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕