681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៣,៦លាននាក់ កើនឡើង២០ភាគរយ ក្នុងឆមាសទី១ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិសរុបជាង ៣,៦ លាននាក់ កើនឡើង ១/៥ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជនជាតិចិនមានកំណើនខ្ពស់ជាងគេ។ នេះបើតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

បើតាមរបាយការណ៍ ស្ថានភាពវិស័យអាកាសចរណ៍កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ បានបន្តភាពវិជ្ជមាន ដោយមានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាស(ទ្វេទិស) សរុប ៣,៦៥ លាននាក់ កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើននេះ គឺដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៃចំនួនអ្នកទេសចរណ៍របស់ប្រទទេសចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ ជប៉ុន។ល។ និងការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្ដារនិងពង្រីកសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ប្រកបដោយភាពធន់ឡើងវិញ។

របាយការណ៍បញ្ជាក់ថា ប្រទេសដែលចូលរួមចំណែកច្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា រួមមាន ប្រទេសចិន ថៃ វៀតណាម កូរ៉េ ជប៉ុន អាម៉េរិក និងតំបន់អឺរ៉ុប។ ស្ថានភាពវិស័យអាកាសចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺមិនមានការកាត់បន្ថយជើងហោះហើរក្នុងរយៈពេល ៦-១២ខែចុងក្រោយទេ ប៉ុន្តែកំពុងមានការចរចាលើការតភ្ជាប់ថ្មីទៅគោលដៅមួយចំនួនដូចជា ប្រទេសឥណ្ឌា តំបន់មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ប្រទេសចិន។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅតែបន្តរក្សាកិច្ចប្រតិបត្តិការរបស់ខ្លួនបានយ៉ាងល្អ ទោះបីជាអាចមានផលប៉ះពាល់បន្តិចបន្តួចពីភាពតានតឹងនៃស្ថានភាពព្រំដែន(កម្ពុជា-ថៃ) ក៏ដោយ។

គួរបញ្ជាក់ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) កាលពីឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មានចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២ ភាគរយ។ ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានចំនួន ៧៧ ៧៥២តោន កើនឡើង ៤០ ភាគរយ។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕

Khcct banner

អត្ថបទទាក់ទង