ក្រចេះ៖ គម្រោងសាងសង់«ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» នៅថ្ងៃទី ៧ កក្កដានេះ បានរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ ហើយគ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម។
គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណជាង ១១៤លានដុល្លារនិង សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) ។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេស ជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។
គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និង ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ជាពិសេស នៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និង ប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ៕