
ភ្នំពេញ៖ អាជ្ញាធរនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានឃាត់ចាប់រថយន្ត ១គ្រឿងដឹកសាច់សត្វបង្កកមាន ស្លាបមាន់ និងជើងជ្រូក៣៧២០គីឡូក្រាម ដឹកចេញពីវៀតណាម ដោយឃាត់នៅលើផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹង៣៧២០គីឡូក្រាម (៣តោន៧២០គីឡូក្រាម) ក្នុងនោះមាន ស្លាបមាន់ និងជើងជ្រូក ឃាត់នៅលើផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្ត រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


