Smart saver cctime web bannertif

លោកបណ្ឌិត កៅ ថាច ជំរុញឱ្យមានកំណើនសំពៀតឥណទានរបស់ធនាគារ ARDB ដល់មួយពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថា លោកចង់ឱ្យសំពៀតឥណទានមានការកើនឡើងរហូតដល់មួយពាន់លានដុល្លារ ខណៈលោកសង្កេតឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់បុគ្គលិកធនាគារ ARDB គ្រប់ជាន់ថ្នាក់ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនេះ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ណាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី អ៊ឹង ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារARDB បានជម្រាបជូនពីភាពរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយលោកស្រីបានលើកឡើងថាឆ្នាំ២០១៤ ធនាគារមានបុគ្គលិកចំនួន៦៧នាក់ ហើយនៅឆ្នាំ២០២៥មានបុគ្គលិករហូតដល់៣៩៣នាក់។ លោកស្រីលើកឡើងថាការរីកចម្រើននេះអាស្រ័យដោយធនាគារARDBមានថ្នាក់ដឹកនាំដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិកដែលពោរពេញដោយសមត្ថភាព ជំនាញនិងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម និងអស់ពីសមត្ថភាពបម្រើដល់ធនាគារ ARDB ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថាយ៉ាងណាយើងចង់ឱ្យសំពៀតឥណទានមានការកើនឡើងរហូតដល់១០០០ លានដុល្លារ។

លោកបណ្ឌិតបញ្ជាក់ថា លើសពីនេះធនាគារARDBក៏បានចូលរួមក្នុងសកម្មភាពជាលក្ខណៈអន្តរជាតិនិងមានការទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ដែរលោកបណ្ឌិតបានលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ។

គួរបញ្ជាក់ថា លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង