
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ កក្កដានេះ បានសម្រេចសម្រួលកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង់នៅលើទ្រូងផ្លូវ 105K និងការធ្វើឱ្យប្រសើរឡើងជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកនៅតំបន់ទំនប់កប់ស្រូវ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅទីតាំងនោះថ្មីៗនេះ។
ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Royal Railway បានចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

ការប្រកាសនេះ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅតំបន់នេះ ដោយកាលថ្ងៃទី៣ កក្កដា ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍យុវតីម្នាក់បានបើកម៉ូតូរអិលដួល នៅមុខផ្សារតាំងក្រសាំង សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានបាត់បង់ជីវិត៕
