681 ezgif.com resize
Swift cc time

ពលករខ្មែរ៧នាក់ទៀតទើបមកពីប្រទេសថៃទទួលបានការងារធ្វើភ្លាមៗនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

កំពង់ចាម៖ ពលករខ្មែរ ដែលជាអ្នកខេត្តកំពង់ចាមទើបត្រឡប់ពីប្រទេសថៃចំនួន ៧នាក់ ទទួលបានការងារធ្វើភ្លាមៗនៅក្នុងរោងចក្រមួយចំនួនក្នុងខេត្តកំពង់ចាម និង តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ ក្នុងចំណោមពលករខ្មែរទាំង៧នាក់នេះ មានពលករចំនួន ៣នាក់ បានចូលធ្វើការក្នុងរោងចក្រ ស្គូន ស៊ូ មេនូហ្វេកឈ័រ ឯ.ក នៅខេត្តកំពង់ចាម និង ចំនួន ៤នាក់ទៀត ទទួលបានការងារនៅរោងចក្រ មេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ អាចទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែររស់នៅ និងលក់ដូរនៅប្រទេសថៃ ក៏ដូចជាពលករខ្មែរនៅថៃ ប្រមាណជិត៤ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយស្ថានភាពនាយោបាយនៃប្រទេសទាំងពីរមានភាពមិនប្រក្រតី ជាពិសេស ការកែប្រែម៉ោងចេញចូលតាមព្រំដែនថៃ ដែលត្រូវបានធ្វើឡើងដោយឯកតោភាគីរបស់រដ្ឋាភិបាលថៃ ហើយបានបង្ករជាបញ្ហាសម្រាប់ការបំពេញការងារ ការប្រកបអាជីវកម្មតូច-ធំ ទេសចរណ៍ និងអ្នកធុរកិច្ចជាដើម៕


Khcct banner

អត្ថបទទាក់ទង