Smart saver cctime web bannertif

កុមារា អាយុ៥ឆ្នាំម្នាក់ កើតផ្តាសាយបក្សីH5N1 នៅខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កុមារាអាយុ ៥ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ អ្នកជំងឺមានទីលំនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

បើតាមក្រសួងសុខាភិបាល ករណីនេះ ជាករណីទី១២ សម្រាប់ឆ្នាំ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារប្រហែល ៤០ក្បាល ព្រមទាំងមានមាន់ឈឺ និងងាប់ចំនួន ២ក្បាល កុមារាចូលចិត្តលេងជាមួយកូនមាន់ជារៀងរាល់ថ្ងៃ។

ជាការឆ្លើយតប ក្រសួងសុខាភិបាល នឹងធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង