ភ្នំពេញ៖ កម្ពុជា-អាម៉េរិក នាថ្ងៃទី២ កក្កដា បានពិនិត្យពិភាក្សាអំពីការវិវត្តថ្មីៗ នៃគោលនយោបាយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក រួមទាំងកម្មវិធីសិក្សាផ្លាស់ប្តូរផ្នែកអប់រំ ដើម្បីជួយជំរុញភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងផលប្រយោជន៍ទ្វេភាគី។
ក្នុងជំនួបរវាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានជួបពិនិត្យពិភាក្សាអំពីការវិវត្តថ្មីៗ នៃគោលនយោបាយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលក្នុងនោះ រួមមាន បច្ចុប្បន្នភាពនៃស្ថានភាពជំនួយគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់វិស័យអប់រំ, ការភ្ជាប់ទំនាក់ទំនងការទូតសាធារណៈនាពេលខាងមុខ, ស្ថានភាពកម្មវិធីរបស់ USAID,និង ការបន្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារ Peace Corps ។
លោកស្រី Bridgette L. Walker បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលជំរុញរាល់គម្រោងគាំទ្រដោយសហរដ្ឋអាម៉េរិកទទួលបានជោគជ័យ និងគូសបញ្ជាក់ពីទំនាក់ទំនងការទូតល្អប្រសើររវាងកម្ពុជានិងអាម៉េរិក ក្នុងនោះរួមមានការឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សន្ទុះវិជ្ជមានលើវិស័យពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។
ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់នូវការរំពឹងទុកថា នឹងមានកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនបន្ថែមទៀតនាពេលអនាគត លើវិស័យឧត្តមសិក្សា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធ ការចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលរៀបចំយុវជនកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការទីផ្សារការងារជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត៕