Smart saver cctime web bannertif

ជិត២ឆ្នាំ៖ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ទទួលបានលទ្ធផលជាង១ម៉ឺនបញ្ជី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលសរុបចំនួន ១០,៧៣៤បញ្ជី ចំនួននេះ គឺជាផ្នែកមួយដែលទទួលបានពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ដោយប្រព័ន្ធនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងដំបូងបំផុតនៅក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងចំណោមលទ្ធផលនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិកនេះ រួមមាន ការចុះបញ្ជីកំណើតចំនួន ៦,៩១១បញ្ជី ការចុះបញ្ជីមរណភាពចំនួន ៨៣៩បញ្ជី និងការចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ២,៩៨៤បញ្ជី នេះបើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិកត្រូនិកបាន ពលរដ្ឋអាចអនុវត្តតាមដំណើរការនេះ ចំពោះការចុះបញ្ជីកំណើតរស់ ឪពុកម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជន អាចដាក់ពាក្យស្នើសុំចុះបញ្ជីកំណើតរស់ទៅមន្ត្រីអត្រានុកូលដ្ឋាន នៅសង្កាត់ទាំង៦ ក្នុងខណ្ឌពោសែនជ័យ នៃទីលំនៅរបស់អ្នករាយការណ៍ ឬទីកន្លែងដែលកំណើតបានកើតឡើង ដោយភ្ជាប់មកជាមួយ នូវលិខិតជូនដំណឹងអំពីកំណើតរស់ ពីមូលដ្ឋានសុខាភិបាល ឯកសារអត្តសញ្ញាណឳពុកម្តាយ មានដូចជាសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ និងសំបុត្រអាពាហ៍ពិពាហ៍ ប្រសិនបើមាន។

គួរបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ជំនួសដោយដៃ ផ្តល់សារសំខាន់យ៉ាងច្រើនដូចជា សំបុត្រអត្រានុកូលដ្ឋាន មានចេញជូនជា QR code ធានាបានទិន្នន័យសំបុត្រអត្រានុកូលដ្ឋាន និងបញ្ជីអត្រានុកូលដ្ឋាន ត្រឹមត្រូវ និងមិនខុសគ្នា ទិន្នន័យអត្តសញ្ញាណមួយចំនួន ទាញចេញពីទិន្នន័យនៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយពុំចាំបាចវាយបញ្ចូល អ្វីដែលពិសេស ការចុះបញ្ជីនឹងប្រព្រឹត្តទៅលឿន រហ័ស និងត្រឹមត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង