Smart saver cctime web bannertif

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋ លេខ១៣ឬG13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉មG13 មានតាំងពីខឿន ជញ្ជាំងខាងក្នុងនិងខាងក្រៅ រហូត ដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការWMFពីមុនមកក៏ដោយ នៅតែប្រឈមនិងហានិភ័យខ្ពស់ នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារ បានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។

លោកស្រីថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋដែលមានប្រហោងឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាមចន្លោះឬប្រហោងនៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពីខឿន រហូតដល់ផ្តែ ពោលគឺមានកំពស់៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ចិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្តនៅឆ្នាំបន្ទាប់។

បើតាមអ្នកជំនាញបញ្ជាក់ថា ប្រាសាទឥដ្ឋ នៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់មានតួប៉ម G14 G15 និងបច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅតួប៉មG13។ ដោយឡែកនៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ WMF ជួសជុលប្រាង្គ G5 និង G10 ផងដែរ។សូមបញ្ជាក់ថា ដោយសារកត្តា អាយុកាល សម្ភារនៃសំណង់ និងអាកាសធាតុផង ធ្វើឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋទាំងនោះ បានរងការខូចខាតយ៉ាងច្រើន ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងជួសជុល អភិរក្សជាដំណាក់កាលៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង