
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប ១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ១០៤នាក់ ជនជាតិចិន១៤នាក់។
បើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ ក្នុងករណីសរុបចំនួន៥៩ ដែលចំណុចនេះមានន័យថា ករណីនាំជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។ ករណីសង្ស័យបានស្ដែងឡើងជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង។
លោក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរនិងស្រាវជ្រាវលម្អិត រហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចាញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្រ្តីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន៧៨ករណី។ ក្នុងចំណោមករណីសម្របសម្រួលទទួលទាំង៧៨នោះ មានមនុស្សសរុបមនុស្ស១៨៨ នាក់ ក្នុងនោះស្ត្រីរងគ្រោះមានរហូតដល់ទៅ១៨៧ នាក់៕