
ភ្នំពេញ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ បញ្ចប់ដោយជោគជ័យ, សប្បុរសជនជិត ៣០ម៉ឺននាក់ បានបរិច្ចាគថវិកាសរុប ៥.៥លានដុល្លារ។ ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រាក់ដុល្លារប្រមាណ ៥,៥ លានដុល្លារអាម៉េរិក ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់ បើគិតចាប់ពីការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

មូលនិធិគន្ធបុប្ផាកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាយុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ, ក៏សាធារណជនដែលមានទឹកចិត្តសប្បុរស នៅ នៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំង សេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះផងដែរ។

គួរបញ្ជាក់ថា សាធារណជនអាចចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យតាមរយៈគណនីធនាគារដែលមានភ្ជាប់ជាមួយនឹងរូបភាព ដើម្បីចូលរួមចំណែកក្នុងការបន្តបេសកកម្មព្យាបាលទារក និងកុមារ ព្រមទាំង សេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះ បន្តទៀត៕