សៀមរាប៖ ស្ត្រីអាយុ ៣៦ឆ្នាំម្នាក់ មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ អ្នកជំងឺមាន ទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលនេះជាករណីទី១១ សម្រាប់ឆ្នាំ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាករណីទី៤ ក្នុងខេត្តសៀមរាប។
បើតាមក្រសួងសុខាភិបាល ស្ត្រីអាយុ ៣៦ឆ្នាំម្នាក់ ទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលមានទីលំនៅ ក្នុងភូមិខុសគ្នា ចំងាយប្រមាណបីគីឡូម៉ែត្រ ពីអ្នកជំងឺផ្តាសាយបក្សីករណីមុន មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិត ក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះ អ្នកជំងឺ មានមាន់ឈឺនិងងាប់ ហើយដែលអ្នកជំងឺបានកាន់ និងប៉ះពាល់ផ្ទាល់ រួចយកទៅកប់។

ក្រសួងសុខាភិបាល បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋាន ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
.jpg?1751361474)
ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី H5N1 ដោយបានណែនាំថាប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕