Smart saver cctime web bannertif

ឆមាសទី១៖ក្រសួងការពារជាតិរកឃើញបទល្មើសឧក្រិដ្ឋកើតឡើង១ ៨៧៩លើក និងត្រៀមការពារព្រំដែនជាប្រចាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅអនុវត្តនៅឆមាសទី២ ឆ្នាំ២០២៥។ ជាក់ស្តែង សមត្ថកិច្ច បង្ក្រាបករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១ ៨៧៩លើក កងយោធពលខេមរភូមិន្ទ ម្ចាស់ការបង្ក្រាបបានចំនួន១ ២៤០លើក។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះ នៅទីស្តីការក្រសួង។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាបន្តបន្ទាប់។ ចំពោះមុខ កងយោធពលខេមរភូមិន្ទ បានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។ ជាក់ស្តែង ករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១ ៨៧៩លើក កងយោធពលខេមរភូមិន្ទ ម្ចាស់ការបង្ក្រាបបានចំនួន១ ២៤០លើក។

ជាមួយគ្នានេះ អ្នកនាំពាក្យ បានបន្ថែមថា កិច្ចប្រជុំនេះ ក៏បានពិភាក្សាពាក់ព័ន្ធនឹងស្ថានភាព នៃការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ។ កងទ័ពកម្ពុជា បានបន្តឈរជើងនៅតំបន់ស្ថិត ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានកាន់កាប់ជាយូរមកហើយ ដោយរក្សានូវភាពអត់ធ្មត់ ប៉ុន្តែបានត្រៀមខ្លួនជាស្រេច ក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា យើងមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ។ កម្ពុជា គាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី និងគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈតុលាការអន្តរជាតិនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង