Smart saver cctime web bannertif

ក្នុងខែមិថុនានេះ រមណីយដ្ឋាន«ប្រាសាទព្រះវិហារ» ទទួលបានភ្ញៀវទេសចរជិត៥ពាន់នាក់ និង«ប្រាសាទកោះកេរ» ចំនួនជិត៨ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះវិហារ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៤ ៩៨៤ នាក់ និងរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៩៦៧នាក់។

បើតាមអាជ្ញាធរជាតិព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៤ ៩៨៤ នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៤៧៩៨ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១៨៦នាក់។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

បន្ថែមពីនេះ ស្ថិតិប្រចាំខែមិថុនា រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៩៦៧នាក់។ ប្រាសាទកោះកេរ មានទីតាំងដាច់ស្រយាល ស្ថិតនៅភាគខាងជើង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ប្រាសាទកោះកេរ កាលដើមឡើយមានឈ្មោះថា ធោកគគ្យិ៍រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ សម្រាប់ឧទ្ទិសថ្វាយដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា «កម្រតែងដ៏រាជា» ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក ។

គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាខួបលើកទី១៧ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក ដែលព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង