Smart saver cctime web bannertif

បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន២៥រូប ទទួលវគ្គបណ្ដុះបណ្ដាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនួយការបង្រៀន និងរៀន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ទីក្រុងប៊ូសាន៖ បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន២៥រូប កាលពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានទទួលវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនួយការបង្រៀន និងរៀនក្នុងបរិបទថ្មីនៃការអប់រំ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ ទីក្រុងប៊ូសាន និងក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំសម្របសម្រួលដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការចូលរួមដោយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូកម្ពុជា ចូលរួមសរុបចំនួន ២៥នាក់ ដើម្បីទទួលការបណ្តុះបណ្តាលការអប់រំបែបឌីជីថលស្តីពីវិធីសាស្ត្រនៃការបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្រៀន និងរៀន ក្នុងបរិវត្តឧស្សាហកម្ម ៤.០។ លើសពីនេះ សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់អំពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិត តាមរយៈបច្ចេកវិទ្យាឌីជីថល។

លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល

លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានសម្តែងការអបអរសាទរខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ ក្រុងប៊ូសាន និងក្រសួងអប់រំ សម្រាប់កិច្ចការងារនេះ ដែលបាននាំនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់ប្រព័ន្ធអប់រំនៅកម្ពុជាក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈការអភិវឌ្ឍសមត្ថភាពសិក្ខាកាមកម្ពុជា ឱ្យទទួលបានបំណិនឌីជីថលថ្មីស្របតាមការវិវត្តនៃបច្ចេកវិទ្យា អាចជួយគ្រូបង្រៀនកម្ពុជាបានយ៉ាងច្រើនក្នុងការធ្វើទំនើបកម្មវិធីសាស្ត្របង្រៀនកាន់តែមានប្រសិទ្ធភាព ជាពិសេសការបញ្ជ្រាបបញ្ញាសិប្បនិម្មិតក្នុងគ្រប់រូបភាពនៃការអប់រំ។

ក្រសួងថែមទាំងបានគូសបញ្ជាក់ថា កម្មវិធីនេះបានផ្តល់នូវផលជះជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍប្រព័ន្ធអប់រំបែបឌីជីថលនៅកម្ពុជា ដោយនឹងចូលរួមជាមួយរដ្ឋាភិបាលក្នុងអភិវឌ្ឍធនធានមនុស្សកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងចូលរួមចំណែកយ៉ាងសកម្មជាមួយបេសកកម្មរបស់ក្រសួងលើការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអប់រំឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចីរភាព។ ជាពិសេស ចូលរួមក្នុងការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ (Professional Learning Community) សម្រាប់អតីតសិក្ខាកាមប៊ូសានក្នុងចែករំលែកបន្ត និងបង្កើនលទ្ធផលនៃការសិក្សារបស់សិស្សលើចាប់យកជំនាញ STEM និងបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍអាជីពនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង