ភ្នំពេញ៖ មូលនិធិចិន Peaceland Foundation និងសមាគមមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៥មិថុនា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់អំណោយជារថយន្តវះកាត់ចល័ត ដើម្បីជួយពិនិត្យនិងព្យាបាលកុមារដែលមានជំងឺបេះដូងចំហរពីកំណើតនៅទីជនបទក្នុងប្រទេសកម្ពុជា។
រថយន្តវះកាត់ចល័ត ត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងមានសមត្ថភាពធ្វើការវះកាត់ជំងឺបេះដូងចំហរពីកំណើតកម្រិតស្រាល។ រំពឹងថា រថយន្តនេះនឹងមកដល់ប្រទេសកម្ពុជានៅចុងខែកក្កដា។
បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ វានឹងធ្វើឱ្យកម្រិតសេវាវេជ្ជសាស្រ្តថ្នាក់មូលដ្ឋាននៅកម្ពុជាមានភាពប្រសើរឡើង បើកច្រកពិនិត្យនិងព្យាបាលបៃតងសម្រាប់អ្នកជំងឺនៅតំបន់ដាច់ស្រយាល ជាពិសេសកុមារ និងគ្រួសារដែលមានប្រាក់ចំណូលទាប និងជំរុញឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជាក្នុងវិស័យសុខាភិបាលសាធារណៈ។
លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក សមាគមមិត្តភាពកម្ពុជា-ចិនបានសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេសសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងការជួយសម្របសម្រួលដល់ការចុះពិនិត្យសុខភាព និងបញ្ជូនកុមារចំនួន១២២រូបដែលមានជំងឺបេះដូងពីកំណើតទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។
លោកបានបន្ថែមថា វេទិកានាថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់ពីទំនាក់ទំនងនៃសង្គមស៊ីវិលរបស់ប្រទេសយើងទាំងពីរដែលតែងរួមគ្នាក្រោមទម្រនៃតំណភ្ជាប់កាន់តែរឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕