
ភ្នំពេញ៖ ក្រសួងការងារ បានលើកទឹកចិត្តអង្គការអន្តរជាតិខាងការងារ (ILO) ឱ្យបន្តជួយគាំទ្រយន្តការគាំពារពលករចំណាកស្រុក ដើម្បីលើកកម្ពស់សិទ្ធិ និងផ្ដល់ឱកាសការងារសមរម្យដល់ពួកគេ។ ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក Lars Johansen នាយករងការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
លោក ហេង សួរ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏សំខាន់របស់អង្គការ ILO កន្លងមកបានរួមចំណែកធ្វើឱ្យវិស័យការងារ និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានវឌ្ឍនភាព។
រដ្ឋមន្ត្រីរូបនេះថែមទាំងបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន»។ ជាពិសេស ក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបានបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។
ជាការឆ្លើយតប លោក Lars Johansen នាយករងការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការដោះស្រាយការប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកបានបញ្ជាក់ថា អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕