
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទិ២៦ មិថុនានេះ បានក្រើនរម្លឹក និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារតាមប្រព័ន្ធអនឡាញ ជៀសវាងការលួចគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ ឬឈានដល់ការលួចព័ត៌មានជាដើម។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រាប់ឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។
ការប្រកាសនេះ បន្ទាប់ពី ក.ប.ទ. បានសង្កេតឃើញមានការវាយប្រហារសាយបរមក លើវេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារ នោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវេបសាយ និង ការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

ក្រសួងប្រៃសណីយ៍ បានណែនាំឲ្យពលរដ្ឋអនុវត្តវិធានការ សន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពី ការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ៕
