Smart saver cctime web bannertif

លោក ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ «ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។ នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។

លោក ប៉ែន បូណាបន្តថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ ប្រាកដណាស់ថា ក្មួយៗត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។ «មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននឹងពន្យល់ក្បោះក្បាយអំពីអត្ថន័យនៃមូលធនមនុស្ស។

សូមបញ្ជាក់ថា បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងមានវត្តមានរបស់លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងគរុនិស្សិត ជាច្រើននាក់។

បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់និស្សិត ពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់គរុនិស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពល់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង