Smart saver cctime web bannertif

ការចរចាពន្ធបដិការកម្ពុជា-អាម៉េរិក មិនទាន់ជោគជ័យ នឹងត្រៀមប្រជុំបន្ទាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នា ដើម្បីឈានទៅដល់ការសម្រេចរួម ដែលបំរើផលប្រយោជន៏នៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាស លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើប្រទេសនានាជាសាកល ដោយបានដាក់លើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលជាកម្រិតខ្ពស់មួយ ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាម៉េរិកវិញ ក្នុងកម្រិត៩៧%។ ការដំឡើងពន្ធនេះ បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានពន្យារពេល ៩០ថ្ងៃ ដោយអនុវត្តពន្ធ ១០%ដដែល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង