
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨), និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅទីតាំងសាលប្រជុំអគារ សវិមានរដ្ឋចំការមន។
យោងតាមសេចក្តីជូនដំណឹងនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាលទ្ធផលសមាជិកថ្មីចូលកាន់តំណែងមានចំនួន ៣រូប ៖ លោក យក់ ង៉ុយ (ជ្រើសតាំងសាជាថ្មីដោយរដ្ឋសភា) លោកស្រី ខែក កែមាលី ស៊ីសូដា (តែងតាំងដោយព្រះមហាក្សត្រ) និងលោក យូ ប៊ុនឡេង (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ជំនួសសមាជិក ៣អង្គ/រូប ដែលត្រូវចប់អាណត្តិ។
ក្នុងនោះផងដែរថា លោក អ៊ុជ គឹមអន ព្រឹទ្ធសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញបាន បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ឯកឧត្តម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។ បណ្ឌិត អ៊ឹម ឈុនលឹម បានប្រគល់ ត្រាក្រុមប្រឹក្សា ធម្មនុញ្ញ និងញញូរ "ព្រហ្មវិនិច្ឆ័យ” ជូន ឯកឧត្តម ហ៊ី សោភា ក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សា-ធម្មនុញ្ញ៕
