
ភ្នំពេញ៖ យោធាកម្ពុជា និងអាម៉េរិក បានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធាប្រទេសទាំងពីរ និងផែនការត្រៀមទទួលទស្សនកិច្ចលោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកមកកម្ពុជា ដើម្បីមើលការចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម នាចុងឆ្នាំនេះ។ ការពិភាក្សានេះ ធ្វើឡើងកំឡុងពេលទស្សនៈកិច្ចលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ នៅកម្ពុជា ពីថ្ងៃទី ២៤ - ២៥ ខែមិថុនា។
ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Andrew Byers បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីមានកិច្ចពិភាក្សារវាងមន្រ្តីនៃក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិកម្ពុជា នៅប្រទេសសិង្ហបូរី កាលពីខែមុន។

បើតាមប្រភពពីស្ថានទូតអាម៉េរិក ភាគីទាំងពីរក៏បានពិភាក្សា អំពីផែនការអនាគត សម្រាប់ទស្សនកិច្ចលោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំនេះ ដើម្បីមើលការចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលត្រូវបានបើកឡើងវិញ នៅឆ្នាំនេះ។

គួរបញ្ជាក់ថា កំឡុងពេលទស្សនៈកិច្ចរបស់ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោកបានជួបជាមួយអតីតនិសិ្សតយោធា ដែលធ្លាប់ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកជំនាញយោធានៅសហរដ្ឋអាម៉េរិក ហើយទស្សនាទីតាំងនានាក្នុងមូលដ្ឋានសមុទ្ររាម ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសកម្ពុជា៕

