Smart saver cctime web bannertif

សមត្ថកិច្ច«ជួយ»បុរសម្នាក់ ក្រោយត្រូវបោកបញ្ឆោតដោយក្រុមឧក្រិដ្ឋជន ឲ្យសម្តែងថាត្រូវបានចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នគរបាលជាតិកម្ពុជា សហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារតាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។

ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន រកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។

តាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេសកម្ពុជា បោកបញ្ឆោត និងគម្រាមជនរងគ្រោះថាកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចចិន ពាក់ព័ន្ធបទល្មើសឆបោក និងសម្អាតប្រាក់ ដែលតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅ ប្រទេសជប៉ុនដើម្បីរៀបចំសកម្មភាពសម្តែង និងថតវីដេអូ ផ្ញើទៅឪពុកម្តាយថាខ្លួនត្រូវបានក្រុមឧក្រិដ្ឋជន ចាប់ជំរិត ដើម្បីយកប្រាក់ទាំងនោះមកដោះស្រាយបញ្ហាដែលខ្លួនត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេត។

មុនមកដល់កម្ពុជា នៅថ្ងៃទី១៨ មិថុនា ជនរងគ្រោះបានថតវីដេអូសម្តែងថាខ្លួន កំពុងត្រូវបានចាប់ជំរិតនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសជប៉ុន ហើយបានប្រគល់ទូរស័ព្ទឱ្យទៅក្រុមឧក្រិដ្ឋជន យកទៅទំនាក់ទំនងជាមួយឪពុកម្តាយ ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ម៉ឺនដុល្លារ។ បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន បួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ដុល្លារ ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។

ក្រោយមានការសង្ស័យថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានឱ្យជនរងគ្រោះប្តូរទីតាំង មកប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរត់គេចពីការតាមចាប់។ សកម្មភាពឆបោក និងគម្រាម ជំរិតទារប្រាក់នេះ ធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាននៅប្រទេសចិនសម្រាប់ទទួលផលបទល្មើស។

ជនជាតិចិនហុងកុងខាងលើ នឹងត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីវិញតាមការស្នើសុំរបស់នគរបាល សហព័ន្ធអូស្ត្រាលី ក្រោយពេលសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង