681 ezgif.com resize
Swift cc time

មេទ័ពជើងគោកជប៉ុនចូលរួមរំលែកទុក្ខជាមួយកម្ពុជាចំពោះការពលីព្រឹន្ទបាលឯក​ សួន រ៉ោន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី ២៥ មិថុនានេះ បានចូលរួមសម្តែងមរណទុក្ខជាមួយប្រទេសកម្ពុជា ចំពោះការពលីរបស់កងទ័ពកម្ពុជាម្នាក់ គឺលោកព្រឹន្ទបាលឯក​ សួន រ៉ោន ដែលត្រូវបានក្រុមយោធាថៃលបលួចបាញ់ប្រហារ កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥កន្លងទៅ។ការចូលរួមរំលែកទុក្ខនេះ គឺធ្វើឡើងក្នុងពេលមេកងទ័ពជើងគោកជប៉ុនរូបនេះ ជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងកិច្ចពិភាក្សានោះ សម្តេច ហ៊ុន សែន បានប្រាប់ពីការពិតជូនដល់មេកងទ័ពជើងគោកជប៉ុន ពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលថ្នាក់ដឹកនាំកម្ពុជាមិននឹកស្មានដល់ថា វាមានរឿងបាញ់ប្រហារនេះកើតឡើងនោះទេ ព្រោះប្រទេសកម្ពុជាជាប្រទេសត្រូវការសន្តិភាព មិនចង់កើតមានបញ្ហាជាមួយប្រទេសណាមួយនោះទេ។

បើតាមសម្តេច ហ៊ុន សែន អ្វីដែលប្រទេសកម្ពុជាចង់បាននោះ គឺព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ ព្រំដែនមិត្តភាព និងការអភិវឌ្ឍរួមគ្នា ហើយកម្ពុជាមិនចង់ឃើញមានផ្ទុះនូវអាវុធ ឬការមានសង្គ្រាមនោះទេ ពោលគឺចង់ឃើញព្រំដែនដែលអាចផ្តល់ប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។សម្រាប់សម្តេច ហ៊ុន សែន ចង់ឱ្យជប៉ុនជួយជំរុញឱ្យថៃចូលរួមដោះស្រាយជាមួយកម្ពុជាដោយឈរលើច្បាប់អន្តរជាតិជាគោល។

លោកនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន បានតបសម្តេច ហ៊ុន សែន វិញថា ជប៉ុនសូមចូលរួមរំលែកទុក្ខជាមួយប្រទេសកម្ពុជាចំពោះការពលីរបស់កងទ័ពកម្ពុជាម្នាក់ គឺលោកព្រឹន្ទបាលឯក​ សួន រ៉ោន។សម្រាប់លោក Morishita Yasunori ជប៉ុចង់ឃើញកម្ពុជា និងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ដោយគោរពតាមច្បាប់អន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង