
ភ្នំពេញ៖ និស្សិត៥០រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានចូលរួមក្នុងយុទ្ធនាការ រដូវកាលបៃតង និងធ្វើសកម្មភាពដែលចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈដំណើរទស្សនកិច្ច៤ថ្ងៃ ក្រោមប្រធានបទ ក្រោមប្រធានបទ «លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព»។

យោងតាម កញ្ញា ហុងថុល្លី ហូនី ជានិស្សិតឆ្នាំទី ៤ ដែលជាអ្នករៀបចំគម្រោងដំណើរទស្សនកិច្ច «Eco Immersion Trip 2025» បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ៣ យប់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែឧសភា រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សាភ្ជាប់នឹងវិស័យអប់រំ ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ជាតិ លើកកម្ពស់ផលិតផលសហគមន៍ក្នុងស្រុក និងសកម្មភាពសប្បុរសធម៌ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

តាមរយៈដំណើរទស្សនកិច្ចនេះ និស្សិត៥០រូប បានចូលរួមនូវសកម្មភាពមួយចំនួនដូចជាសិក្សាស្វែងយល់អំពីសិល្បៈនៃការផលិតសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋរបស់សហគមន៍ភូមិអណ្ដូងឫស្សី នៃខេត្តកំពង់ឆ្នាំង។ បន្ទាប់មកបន្តដំណើរទៅកាន់ខេត្តពោធិ៍សាត់ ទៅកាន់ បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិដ៏អស្ចារ្យរបស់វីរជនខ្មែរក្លាហានទាំងពីររូប។
បន្ថែមពីការទស្សនកិច្ចពីទីតាំងប្រវត្តិសាស្ត្រ និស្សិត៥០រូបនេះ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់សិស្សានុសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យពោធិ៍សាត់ ដើម្បីចែករំលែកនូវព័ត៌មានទាក់ទងនឹងរបៀបត្រៀមខ្លួនក្នុងការជ្រើសរើសជំនាញសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ និងណែនាំនូវការចូលរួមសកម្មភាពស្ម័គ្រចិត្តនានាដែលជួយដល់សង្គមព្រមទាំងអាចផ្តល់ជាជំនាញទន់ដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ខ្លួននាពេលអនាគត។

និស្សិតក្រុមនេះ នាថ្ងៃទី ៣០ឧសភា ២០២៥ បានរៀបចំគម្រោងសប្បុរសធម៌ «ការបំភ្លឺអនាគតកុមារ: ១ ដុល្លារសម្រាប់កុមារ ១ រូប» ដែលបានចែកជូនសម្ភារៈសិក្សាដល់សិស្សបឋមសិក្សាចំនួន ២៩៣ នាក់ រួមទាំងសម្ភារៈផ្សេងៗទៀតដូចជា សៀវភៅអាន សៀវភៅសិក្សា និងសម្ភារៈការិយាល័យដល់មជ្ឈមណ្ឌលកុមារមេគង្គ (Enfants du Mekong) ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក សាត សត្យា ជានិស្សិតឆ្នាំទី ៤ និងជាតំណាងអ្នករៀបចំកម្មវិធីទស្សនកិច្ចនេះ បានលើកឡើងថា ឱកាសនៃការផ្តល់ជូនសម្ភារៈសិក្សាទៅដល់កុមារនៅទីជនបទ និងស្នាមញញឹមរបស់កុមារបានដាស់នូវស្មារតីពីភាពចាំបាច់នៃការទទួលបានចំណេះដឹងស្មើៗគ្នា និងបង្ហាញឲ្យគាត់ឃើញពីតម្លៃនៃការខិតខំរៀបចំគម្រោងនេះឡើង។

បើតាម កញ្ញា ហុងថុល្លី ហូនី គោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺខេត្តសៀមរាប ដែលសិស្សបានចូលទស្សនាទីតាំងប្រវត្តិសាស្រ្តមួយចំនួននៅខេត្តសៀមរាបរួមមាន តំបន់ឧទ្យានជាតិអង្គរ និងធ្វើសកម្មភាព «យុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប»។ យុទ្ធនាការនេះ គឺជាការរួមចំណែកការពារបរិស្ថាន និងថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីក្នុងក្រុងសៀមរាប ដែលផ្ដល់ផលប្រយោជន៍រួមទាំងសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ មានការគាំទ្រពីដេប៉ាតឺម៉ង់បារាំងផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមទាំងក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារពាក់័ន្ធនានា។ដំណើរទស្សនកិច្ចសិក្សានេះ មានសារៈសំខាន់ណាស់ ដោយវាជាមធ្យោបាយដ៏ល្អក្នុងការបណ្តុះស្មារតីយុវជនក្រៅពីការសិក្សាផ្ទាល់ក្នុងថ្នាក់ និស្សិតបានចូលរួមអនុវត្តសកម្មភាពដែលមានគោលដៅអភវឌ្ឍប្រកបដោយចីរភាព (SDG) ដែលផ្តល់ផលប្រយោជន៍ទៅកាន់សហគមន៍វិញ និងបង្កើនការយល់ដឹងបន្ថែមពីសេដ្ឋកិច្ចជាតិតាមរយៈតំបន់ទេសចរណន៍ក្នុងស្រុក ព្រមទាំងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងយុវជន និងសហគមន៍៕
