
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី២៣ មិថុនា ២០២៥ បានចេញសេចក្តីជូនដំណឹង ដល់បេក្ខជនទាំងអស់ ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F (និស្សិត), M (សិក្សាជំនាញ), ឬ J (ផ្លាស់ប្តូរវប្បធម៌) ថា ចាប់ពីពេលនេះតទៅ បេក្ខជនត្រូវកែសម្រួលការកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ពួកគេទៅជា «សាធារណៈ» ។ ការកែសម្រួលនេះ គឺដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់លើអត្តសញ្ញាណ និងការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក ស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីជូនដំណឹងនៃស្ថានទូត អាមេរិកប្រើប្រាស់ព័ត៌មានទាំងអស់ដែលមានសម្រាប់ការត្រួតពិនិត្យពិច័យ ដើម្បីវិនិច្ឆ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបាន។ នេះរួមបញ្ចូលទាំងអ្នក ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិកផងដែរ។ ចាប់តាំងពីឆ្នាំ២០១៩ មក សហរដ្ឋអាមេរិកបានតម្រូវឱ្យអ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ផ្តល់នូវអត្តសញ្ញាណក្នុងបណ្តាញសង្គម ដោយបញ្ជាក់នៅលើទម្រង់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍។
គួរបញ្ជាក់ថា អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ នៅលើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160 ។ អ្នកដាក់ពាក្យត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ពួកគេ គឺពិតប្រាកដ និងត្រឹមត្រូវ មុនពេលពួកគេចុះហត្ថលេខា និងបញ្ជូន។ ការមិនបញ្ជាក់ព័ត៌មានបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការ អាចនាំឱ្យមានការបដិសេធមិនឱ្យទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត៕
