Smart saver cctime web bannertif

មន្រ្តីក្រសួងការងារ ចុះទៅដល់ និងកំពុងប្រចាំការ តាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលរដ្ឋខ្មែរ ដែលត្រឡប់ពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ។

ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រសួងការងារ បានបញ្ជូនរថយន្តជាច្រើនគ្រឿង ដែលជាមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាដើម។

ជាមួយគ្នានេះ ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជា នៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនពលរដ្ឋទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា។

គួរបញ្ជាក់ថា បើយោងតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសសរុបប្រមាណជាង ២៣ ម៉ឺនកន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង