Smart saver cctime web bannertif

CDCផ្តល់អនុសាសន៍លើការវិនិយោគបន្ថែមដល់ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
[រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)]

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា ដល់ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ខណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកមើលឃើញអំពីឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដឹកនាំដោយ លោកបណ្ឌិត Harley Seyedin ជាប្រធានសម្ព័ន្ធ First Washington Group, ប្រធានក្រុមហ៊ុន Allelon Energy Partners និងជាប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង បានចូលជួបពិភាក្សាការងារ។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមការស្នើសុំរបស់ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដែលបានមើលឃើញអំពីឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មរបស់ប្រតិភូនាឱកាសនេះ និងបានជម្រាបជូនអំពីទិសដៅការងាររបស់ ក.អ.ក. លើការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ហើយបច្ចុប្បន្នបាននិងកំពុងបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។ លោកក៏បានបានគូសបញ្ជាក់បច្ចុប្បន្នភាពសំខាន់ៗ និងមូលដ្ឋានព័ត៌មានពិតអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំហររបស់រដ្ឋាភិបាលលើការគាំទ្រភាពរីកចម្រើនរបស់វិស័យឯកជន ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កម្លាំងពលកម្មវ័យក្មេង និងមានច្បាប់វិនិយោគសម្រួលដល់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

បន្ទាប់ពីបានស្តាប់ប្រសាសន៍យ៉ាងក្បោះក្បាយរបស់អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាថែទាំ និងផ្ដល់ទំនុកចិត្តដល់វិនិយោគិន។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកផ្តល់ឱកាសឱ្យប្រតិភូចូលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង