
ភ្នំពេញ៖ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុន សែលកាត និង ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដំបូងគេ និង តែមួយគត់របស់កម្ពុជាដែលកាន់កាប់ដោយកូនខ្មែរសុទ្ធសាធ គឺអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី ១៣ មិថុនានេះ បានចេញនូវសេចក្តីជូនដំណឹងស្តីពី សាមគ្គីគ្នា ដើម្បីឯករាជ្យភាព ឌីជីថលរបស់កម្ពុជា។ក្នុងសេចក្តីជូនដំណឹងនោះ លោកប្រកាសគាំទ្រការសម្រេចចិត្តរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតឯករាជ្យភាពឌីជីថលនៅកម្ពុជា តាមរយៈការបង្វែរទិសដៅ International IP Transit របស់កម្ពុជា។
យោងតាមសេចក្តីជូនដំណឹង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងចាត់ទុកការសម្រេចចិត្តនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់អនាគត់ឌីជីថល របស់កម្ពុជា ហើយក្នុងនាមអ្នកឧកញ៉ាជាក្រុមហ៊ុនខ្មែរ សែលកាត ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានអធិបតេយ្យភាព សុវត្តិភាព និង លំដាប់ពិភពលោកសម្រាប់កម្ពុជា។
លោក យ៉ាប់ កុក លឿង នាយកប្រតិបត្តិរងក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ “ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ សែលកាតនឹងបង្វែរទិសដៅ International IP Transit ខណៈពេលដែលយើងមានគោលបំណងកាត់បន្ថយផលប៉ះពាល់ឱ្យតិចបំផុត លោកអ្នកអាចនឹងជួបប្រទះការរំខានបណ្តោះអាសន្ន ដូចជាល្បឿនយឺត ឬការដាច់បណ្តាញជាបណ្តោះអាសន្ន មិនថាលើទូរស័ព្ទចល័ត WiFi តាមផ្ទះ ឬសេវាអ៊ីនធឺណិតសម្រាប់សហគ្រាស។ ភាពរអាក់រអួលទាំងនេះ គឺកើតមានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្ដារសេវាពេញលេញឡើងវិញឱ្យបានលឿនបំផុត។”
នេះគឺជាពេលវេលាដ៏មានមោទនភាព និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងកម្រិតថ្នាក់ជាតិនេះ លោកអ្នកកំពុងរួមចំណែកដោយផ្ទាល់ក្នុងការកសាងប្រទេសជាតិដែលកាន់តែរឹងមាំ ពឹងផ្អែកទាំងស្រុងលើខ្លួនឯង និងមានឯករាជ្យភាពឌីជីថល៕
