ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
បើតាមការផ្សាយរបស់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ដែលជាការឆ្លើយតបតាមការស្នើរសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។
បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចឧបត្ថម្ភជាលើកទី២ នូវថវិកា ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអំណោយមនុស្សធម៌ជាស្បៀងនិងសម្ភារ ១ពាន់គ្រួសារទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត។
អំណោយទាំងនេះ នឹងនាំយកទៅចែកជូនប្រជាពលរដ្ឋទាំង ១ពាន់គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះមាន ស្រុកជាំក្សាន្តចំនួន ៤០៩គ្រួសារ, ស្រុកគូលែន ២៩៩គ្រួសារ និងស្រុកសង្គមថ្មី ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។
គួររម្លឹកថា ការឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារចំនួន ៥០០គ្រួសារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួចមកហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕