ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ REGATTA សញ្ជាតិ MARSHALL ISLAND នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចូលចតនៅកំពង់ផែស្វយ័ត ដោយបានដឹកភ្ញៀវទេសចរសរុបចំនួន ៦២៦ នាក់។ កំពង់ផែនេះចូលចតនៅក្រុងព្រះសីហនុចំនួន១ថ្ងៃ ដើម្បីទស្សនាប្រទេសកម្ពុជា បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នេះបើតាមសេចក្ដីប្រកាសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បើតាមសេចក្ដីប្រកាស នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៦២៦ នាក់ (ស្រី ៣២៨ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាម៉េរិក (៣៨០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕