
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានចេញសេចក្តីអំពាវនាវជាថ្មី ជំរុញដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលមានបំណងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវតែស្នើសុំអាជ្ញាបណ្ណពីក្រសួងជាមុនសិន។ ការជំរុញនេះ ធ្វើឡើងដើម្បីធានានូវការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ក្រុមហ៊ុនទាំងអស់ដែលមានបំណងបង្កើត និងផ្តល់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន រួមមានសេវាផ្ទុកទិន្នន័យ ការបង្ហោះគេហទំព័រ ឬអ៊ីម៉ែល ការជួលទីតាំង ឬម៉ាស៊ីនមេ ការថែទាំសុសវែរ ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជន ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យ និងការផ្តល់សេវាបច្ចេកវិទ្យាពពកដូចជា Infrastructure as a Service (IaaS), Platform as a Service (PaaS) និង Software as a Service (SaaS) គឺចាំបាច់ត្រូវស្នើសុំអាជ្ញាបណ្ណបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពីក្រសួងជាមុនសិន។
ក្រសួងបានគូសបញ្ជាក់ថា កន្លងមក ក្រសួងតែងតែផ្សព្វផ្សាយជាប្រចាំដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការផ្តល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យដោយពុំមានការអនុញ្ញាត ឬមានបំណងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។
បើតាមក្រសួងប្រៃសណីយ៍ ការទាមទារនេះគឺផ្អែកលើមាត្រា ៥ នៃអនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលបានចែងយ៉ាងច្បាស់ថា «គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.»។
ក្រសួងប្រៃសណីយ៍ នាថ្ងៃ១២ មិថុនា ២០២៥ បានចេញសេចក្តីអំពាវនាវសារជាថ្មី ជំរុញដល់ម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងប្រតិបត្តិការ ឬមានបំណងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដោយពុំទាន់មានការអនុញ្ញាត ត្រូវប្រញាប់រួសរាន់មកដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាបាននូវការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន។
គួរបញ្ជាក់ថា ចំពោះក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសណាដែលធ្វើប្រតិបត្តិការផ្តល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន។ សម្រាប់ព័ត៌មានបន្ថែម ក្រុមហ៊ុននានាអាចសាកសួរនៅរៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ ០២៣ ៧២៣ ០៨៣៕
