681 ezgif.com resize
Swift cc time

កម្ពុជានិងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី គ្រោងចុះMoUថ្មីជាមួយគ្នាលើការអនុវត្តឥណទានកាបូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ តំណាងជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីជាមួយគ្នា សំដៅរៀបចំ និងអនុវត្តឥណទានកាបូនពីព្រៃឈើ ក៏ដូចជាការដាំស្តារព្រៃឈើក្នុងប្រទេសកម្ពុជាជាដើម។

លោក កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៤សំខាន់ រួមមាន៖ ១.ការពិភាក្សាទៅលេីគម្រោងរេដបូក(REDD+) សំដៅចូលរួមការពារ និងអភិរក្សព្រៃឈើ ២.គម្រោងការទាញយកឥណទានកាបូនពីការធ្វើកសិ-រុក្ខកម្ម ៣.គម្រោងការដាំស្តារព្រៃឈើ និង៤.គម្រោងផ្តល់ជំនួយគាំទ្រផ្សេងៗសម្រាប់ជួយលើការស្រាវជ្រាវក្នុងអនុវិស័យព្រៃឈើ។

ក្នុងកិច្ចប្រជុំនេះ រដ្ឋលេខាធិការក្រសួងកសិកម្ម បានសម្តែងនូវការស្វាគមន៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ទាំងគម្រោងបានបញ្ចប់នាពេលកន្លងមក និងគម្រោងស្ថិតក្នុងការអនុវត្តន៍នាពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តអោយមានការគាំទ្រចំពោះគម្រោងថ្មីៗបន្ថែមទៀតរបស់អង្គការ AFoCO ដែលផ្តោតទៅលើអនុវិស័យព្រៃឈើក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីជាមួយគ្នា សំដៅរៀបចំ និងអនុវត្តឥណទានកាបូនពីព្រៃឈើ ការដាំស្តារព្រៃឈើក្នុងប្រទេសកម្ពុជា និងការគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃជាដើម ដើម្បីថែរក្សាព្រៃឱ្យបានល្អ និងមាននិរន្តរភាពយូរអង្វែង៕


Khcct banner

អត្ថបទទាក់ទង