Smart saver cctime web bannertif

ក្រសួងព័ត៌មាន សហការក្រុមហ៊ុន Meta ឬTikTok ដើម្បី block ឬលុបមាតិកា ព័ត៌មានក្លែងក្លាយយកប្រភពពីក្រៅប្រទេសលើបញ្ហាព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថាសម្រាប់ការផ្សាយមាតិកាព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនៅក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុនMeta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុនblock ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standard ផងដែរ។

ក្រសួងព័ត៌មាន បានរម្លឹកថា ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក។ សម្រាប់ជាការបូកសរុបមួយ មកទល់ពេលនេះការគ្រប់គ្រងព័ត៌មាន ការផ្សាយព័ត៌មានស្តីពីប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជនក្នុងប្រទេសកម្ពុជា ជារួម បានប្រព្រឹត្តទៅដោយក្រមសីលធម៌ និងតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្កហានិភ័យដល់សន្តិសុខជាតិ។

ទោះជាយ៉ាងណាក៏ដោយ មានការផ្សាយដោយសារព័ត៌មានមួយចំនួនតូច ដែលនៅពុំទាន់អនុវត្តតួនាទីខ្លួនបានត្រឹមត្រូវនៅឡើយ ហើយជាការដើរខុសគន្លងនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ដែលក្រសួងព័ត៌មានបានកត់ត្រា ចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះ មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។

ហើយក្នុងចំណោមហ្នឹងក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ ហើយមូលហេតុចម្បងគឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង