Smart saver cctime web bannertif

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ប៉ារីស៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦នៅកម្ពុជា ជាមួយលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមគេហទំព័រក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី ១២ មិថុនា ២០២៥ បានឱ្យដឹងថា លោកប្រាក់សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយនឹងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅប្រទេសបារាំង និងចុះកិច្ចព្រមព្រៀងជាផ្លូវការ។

ការប្រកាសថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើឡើងអំឡុងពេល ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី១៩ កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២៤ ដែលបានធ្វើឡើងនៅ Grand Palais ទីក្រុងប៉ារីស។

កិច្ចប្រជុំកំពូលនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដោយវានឹងបង្ហាញពីជំហររីកចម្រើនរបស់កម្ពុជាក្នុងឆាកអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ នេះជាលើកទីមួយហើយក្នុងរយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ មានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និង សមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។កម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ និង បានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង