Smart saver cctime web bannertif

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាធំមួយនឹងភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាបចាប់ពីខែកក្កដាខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ IndiGo)

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខរបស់ឥណ្ឌាដែលមានឈ្មោះថា IndiGo នឹងតភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ការតភ្ជាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះពន្យារពេលហោះហើរមកកម្ពុជាចំនួន២ដង។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ធ្លាប់បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងញូវដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ លោកបន្តថា កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចរាល់ហើយ ដោយរង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ 

លោកបញ្ជាក់ថា ដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះទេ ពោលគឺសប្តាហ៍ខ្លះមានការហោះហើរចំនួន៤ជើង ខ្លះទៀតចុះមកនៅត្រឹម៣ជើង ឬ២ជើងប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ការហោះហើររវាងកម្ពុជា-ឥណ្ឌា នឹងទទួលបានលទ្ធផលល្អ។ 

អ្នកនាំពាក្យរូបនេះ ជឿជាក់ថា តាមរយៈការតភ្ជាប់ផ្លូវថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo នេះ នឹងផ្ដល់ផលចំណេញជាច្រើនដល់ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ដូចជាចំណេញពេលវេលាក្នុងការធ្វើដំណើរ ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ដ្បិតថា កម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកកម្ពុជាវិញតាមរយៈទេសចរណ៍វប្បធម៌ និងសាសនាផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ៦,២៤លាននាក់ កំណើនប្រមាណ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង