
ព្រះវិហារ៖ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក និង ដៃគូសហការដឹកនាំដោយលោក ហ៊ុន ម៉ានី នៅថ្ងៃទី ១១ មិថុនានេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌ទូទាំងប្រទេស ទៅជូនកងទ័ពកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន នាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។សកម្មភាពនេះ ត្រូវបានស.ស.យ.ក ចាត់ទុកថា ជាចលនាជាតិដ៏សំខាន់គាំទ្រកងទ័ពជួរមុខ ក្នុងន័យបង្ហាញពីខឿនការពារជាតិពីប្រជាជន ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្នុងបេសកម្មនេះ ស.ស.យ.ក កៀរគរគាំទ្រកងទ័ពជួរមុខនាំយកថវិកាប្រមាណជា ១៨ ម៉ឺនដុល្លារ ភេសជ្ជៈនិងទឹក៣០៣០កេស អាហារសម្រន់ចំនួន១៧៥ កេស ស្បៀងអាហារ១៧៥ កេស និងគ្រឿងទេសសម្ភារប្រើប្រាស់ជាច្រើនទៀត ដែលថវិកា និងសម្ភារទាំងអស់នេះ គឺទទួលបានពីការចូលរួមពីក្រុមហ៊ុនឯកជន សមាគមនក្រៅរដ្ឋាភិបាល និង បណ្តាដៃគូសហការជាង ៣០០នាក់ផ្សេងទៀត។
ថ្លែងក្នុង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក ចាត់ទុកចំនួននេះ មិនគ្រប់គ្រាន់នោះទេ តែសំខាន់ទឹកចិត្ត ហើយថវិកាដែលទទួលបានមកនេះ គឺ ស.ស.យ.ក ទទួលបានចាប់ពី៤០០០រៀលឡើងទៅ ដែលនេះជាទឹកចិត្តដ៏សំខាន់សម្រាប់កងទ័ព។
បើតាមលោក ហ៊ុន ម៉ានី ទោះបីជាកម្ពុជារស់នៅក្នុងសុខសន្តិភាព និង នឿយណាយជាមួយសង្រ្គាម ដែលកម្ពុជាទាំងអស់គ្នាធ្លាប់ជួបប្រទះក្នុងអតីតកាល ក៏កម្ពុជានៅតែរក្សាបានខឿនការពារជាតិដ៏រឹងមាំ ដែលធានាមិនឱ្យសន្តិភាពបាត់បង់បានឡើយទោះជាក្នុងតម្លៃណាក៏ដោយ។លោកថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានមានចំណាត់ការ និង ប្រើប្រាស់យន្តការគ្រប់មុខសញ្ញា ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយធានាឱ្យបានជាដាច់ខាតនូវអធិបតេយ្យ និង បូរណភាពទឹកដីរបស់ជាតិ ប្រកបដោយភាពចាស់ទុំ ទន់ភ្លន់ តែម៉ឺងម៉ាត់ និង អំពាវនាវពលរដ្ឋកម្ពុជាបន្តរក្សាភាពស្ងៀមស្ងាត់ និង ប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានាដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារទឹកដី។