ភ្នំពេញ៖ ក្រសួងការបរទេស បានស្នើឱ្យអ្នកសារព័ត៌មានដែលបានចូលរួម ក្នុងកិច្ចប្រជុំពិធីបើកសម្ពោធការិយាល័យស្ថានទូតហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី រកឃើញថាមានលទ្ធផលវិជ្ជមានកូវីដនៅប្រទេសថៃ។ការស្នើឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅធ្វើតេស្តដូច្នេះ ដោយសារតែ ឯកត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី មានវិជ្ជមានវិរុសកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជា ហើយរកឃើញលទ្ធផលនៅប្រទេសថៃ ។
ក្រសួងការបរទេសបានឱ្យដឹងទៀតថា អ្នកសារព័ត៌មានអាចទៅធ្វើតេស្តរកមេរោគកូវីដ១៩នៅមន្ទីរពិសោធន៏ជាតិស្ថិតក្នុងទីស្តីការក្រសួងសុខាភិបាល ដោយធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវរង់ចាំលទ្ធផលបន្ទាប់ពីធ្វើតេស្តរួច។
សូមជម្រាបជូនថា ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួង សុខាភិបាល។
តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសបានបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា៕