ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានដឹកនាំ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
បើតាមសេចក្ដីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាលដែលមាន សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រ នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕