
កោះកុង៖ ស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា ទទួលបាននូវសុខសុវត្ថិភាពក្នុងប្រើប្រាស់ដី សុខសន្តិភាព និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងពិធីជំនួបរវាងលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកVanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមពិធីអបអរសាទរប្រកាសស្រុកស្រែអំបិល ខេត្តកោះកុង ជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។

លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាត្រូវការពេលវេលា និងធនធានជាច្រើនបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសត្រូវការការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមទាំងប្រទេសឥណ្ឌា ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក Vanlalvawna Bawitlung បានសម្តែងនូវការអបអរសាទរជាមួយប្រជាជនខេត្តកោះកុង ក្នុងការប្រកាសស្រុកស្រែអំបិលអស់មីន និងមានមោទនភាពដែលប្រទេសឥណ្ឌាបានរួមចំណែកចំពោះសមិទ្ធផលទាំងនោះ រហូតដល់ប្រកាសស្រុកចំនួន ០២ក្នុងខេត្តកោះកុង ជាស្រុកអស់មីន ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។

លោកអគ្គរដ្ឋទូតរូបនេះ បន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌា នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត រហូតដល់ប្រទេសកម្ពុជា សម្រេចនូវគោលដៅជាប្រទេសគ្មានមីន៕

