Smart saver cctime web bannertif

៥ខែដើមឆ្នាំនេះកម្ពុជាចុះ«បញ្ជីគម្រោងវិនិយោគ»ថ្មីជិត៣០០គម្រោងក្នុងទុនជាង៤ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពតំណាង។

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ ឧសភា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាទទួលការចុះបញ្ជីគម្រោងវិនិយោគថ្មីមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីវិនិយោគមានកំណើនចំនួន៣៤គម្រោងស្នើនឹងប្រមាណ១៣៦%។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែឧសភា ពោលគឺរយៈពេល៥ខែដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជាទទួលការចុះបញ្ជីគម្រោងវិនិយោគថ្មីមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ៤,២ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ៥២%ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសដដែល សម្រាប់ក្នុងខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៤ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង។

ចំណែកគម្រោងដែលលេចធ្លោប្រចាំខែឧសភា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌគិរី ហើយគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺការពង្រីកគម្រោងផលិតសំបកកង់រថយន្តនៅ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ​កម្ពុជាទទួលបានគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង