Smart saver cctime web bannertif

កម្ពុជាស្នើកូរ៉េពិនិត្យលទ្ធភាពពង្រីកជើងហោះហើរត្រង់បន្ថែមមកកាន់ខេត្តសៀមរាបនិងព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើសុំឱ្យភាគីកូរ៉េបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជា។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ នារសៀលថ្ងៃទី៥មិថុនាកន្លងទៅនេះ បានអនុញ្ញាតជូនលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។

នាឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្នើសុំឱ្យភាគីកូរ៉េបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង