កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីក្រុងពាលី «សិតព្រះពុទ្ធបដិមា»ក្រោមការចូលរួមដោយសម្តេចព្រះសង្ឃនាយក អំ លឹមហេង លោកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រប និង ថ្នាក់ដឹកនាំជាច្រើនទៀត។ការសិតព្រះពុទ្ធបដិមានេះ រៀបចំឡើងខណៈពេល អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការ នៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២៥ និង សម្ពោធថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។
ពិធីបួងសួង ក្រុងពាលី និងសិតព្រះពុទ្ធបដិមា សាងអំពីស្ពាន់ លោហៈធាតុ គឺក្នុងគោលបំណងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដាក់តាំងបង្ហាញភ្ញៀវទេសចរជាតិ និង អន្តជាតិ គោរពបដិបត្តិពេលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបង្ហាញថាប្រទេសកម្ពុជា ជាប្រទេសកាន់នូវព្រះពុទ្ធសាសនា។
លោកឧកញ៉ា ឆាល វ់ានស៍ តំណាងក្រុមហ៊ុនសាងសង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រះពុទ្ធបដិមានេះ មានកម្ពស់៩ម៉ែត្រ ទម្ងន់៩តោន ដោយក្រុមហ៊ុនតម្រូវយកលេខ៩ទាំងអស់។ចំណែករចនាបថ វិញ គឺរៀបចំឡើងដោយការឆ្លងការពីក្រសួងធម្មការ និង សាសនា សម្តេចសង្ឃទាំង៧អង្គ ហើយក្រុមហ៊ុននឹងព្យាយាមសាងសង់ឱ្យបានរួចរាល់នៅថ្ងៃបើកប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការ នៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២៥។
លោកឧកញ៉ា បានបង្ហាញក្តីរំពឹងថា រាល់រចនាបថ ដែលក្រុមហ៊ុនរៀបចំសាងសង់ទាំងអស់ គឺយកតាមប្រពៃណី រចនាបថរបស់ខ្មែរទាំងអស់ ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ជាអាកាសយានដ្ឋាន 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។
តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕