Smart saver cctime web bannertif

ក្រសួងព័ត៌មានអំពាវនាវដល់សារព័ត៌មាន និងសាធារណជនឲ្យប្រុងប្រយ័ត្នចំពោះ «ព័ត៌មានមិនពិត និងក្លែងក្លាយ»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សាយ ឬចែកចាយព័ត៌មាន ដោយចៀសវាងការផ្សាយព័ត៌មានលឿនជ្រុល គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងទំនាក់ទំនងជាមួយប្រទេសដទៃ។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ការដកស្រង់ប្រភពព័ត៌មានពីបរទេស ឬប្រភពមិនផ្លូវការ ត្រូវមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ។ លោកក៏បានអំពាវនាវឲ្យចូលរួមទប់ស្កាត់រាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ក្លែងបន្លំ ឬមានចរិតញុះញង់ ដែលអាចបង្កអសន្តិសុខ ឬប៉ះពាល់ដល់ការរើសអើងជាតិសាសន៍។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានគូសបញ្ជាក់ថា រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវតែធ្វើឡើងដោយមានការទទួលខុសត្រូវខ្ពស់ និងគិតគូរឲ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង។ ចំពោះអ្នកសារព័ត៌មានវិញ លោកបានក្រើនរំឭកថា ការផលិត និងផ្សព្វផ្សាយព័ត៌មាន ត្រូវតែអនុលោមតាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចូលរួមលើកស្ទួយឧត្តមប្រយោជន៍ជាតិ ដោយផ្តល់អាទិភាពដល់ព័ត៌មានដែលមានសារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា និងជាតិសាសន៍។ លើសពីនេះ អ្នកសារព័ត៌មានមានកាតព្វកិច្ចចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងការផលិតផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន។

ក្រសួងព័ត៌មានបានគូសបញ្ជាក់ ៥ វិធីការពារខ្លួនពីព័ត៌មានក្លែងក្លាយ៖ ទី១. កុំចែកចាយព័ត៌មានលឿនពេក ឬមិនទាន់បានអាន និងផ្ទៀងផ្ទាត់សិន។ ទី២. កុំជឿប្រភពព័ត៌មានពីបណ្តាញសង្គមទាំងស្រុង តែត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការដូចជា រាជរដ្ឋាភិបាល ក្រសួង ឬសមត្ថកិច្ច។ ទី៣. ជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារព័ត៌មានអាជីពដែលមានក្រមសីលធម៌ ដូចជាទូរទស្សន៍ វិទ្យុ ឬគេហទំព័រព័ត៌មានផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត។ ទី៤. ជៀសវាងការផ្សាយ ឬចែកចាយព័ត៌មានដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ ឬការរើសអើងជាតិសាសន៍។ ទី៥. ត្រូវផ្សាយ និងចែករំលែកតែព័ត៌មានពិត សុក្រឹត និងវិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង